• ទំព័រដើម
  • ព័ត៌មាន

ព័ត៌មាន

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌របស់ខ្លួន តាមរយៈការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌ នៅដើមឆ្នាំ ២០២៦នេះ តាមរយៈការចូលរួម​​ជាមួយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ បានប្រារព្ធទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ដែលជាកាដូនៃសេចក្តី​ស្រលាញ់ចេញពីបេះដូង នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលមាន​​ចំនួន​អ្នក​ចូល​រួមបរិច្ចាគ​ឈាម​ប្រមាណជិត ៥៤៥​នាក់ រួមមានគណៈគ្រប់គ្រង បុគ្គលិកគ្រប់​ជាន់ថ្នាក់ និងអតិថិជន របស់ធនាគារ អេស ប៊ី អាយ លី ហួរ ព្រមទាំងសាធារណជនជាច្រើនកុះករផងដែរ ។

នៅក្នុងឱកាសនោះផងដែរ លោក ម៉ៅ ប៉ូឡូ អគ្គនាយករង ធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ “ការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ដែលបុគ្គលិក ធនាគារ អេស ប៊ី អាយ លី ហួរ និងសប្បុរសជនទាំងអស់ បានលះបង់ដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកជំងឺ និងពង្រឹងស្មារតីមនុស្សធម៌ក្នុងសង្គមជាតិ”។ លោកអគ្គនាយករងបានបន្ថែមទៀតថា៖ “ខ្ញុំសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាម ឱ្យចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមឱ្យបានច្រើនកុះករជារៀងរាល់ថ្ងៃ មិនមែនតែនៅថ្ងៃទីវានៃក្តីស្រលាញ់ ១៤ កុម្ភៈ នេះទេ”។”

ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណង​ជួយជន​​រង​គ្រោះ​​ដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាម​ក្នុងឃ្លាំង​ស្តុកទុកឈាម​របស់មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ​ដើម្បីធ្វើការប្រើប្រាស់​​នៅពេល​ចាំបាច់។ ការចូលរួមបរិច្ចាគ​ឈាម គឺ​ជាការចាំបាច់​បំផុត​ព្រោះ​ឈាម​​មិនអាច​ធ្វើការនាំ​ចូល​ពីបរទេស ឬផលិតដោយរោងចក្រឱសថណា​មួយ​​បាន​នោះឡើយ​។

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមជាច្រើន រួមមានការគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីសង្រ្គាម ការជួសជុលអគារសិក្សា ជួយឧបត្ថម្ភដោយផ្ទាល់ដល់សាលារៀននៅតាមតំបន់ដាច់ស្រយាល ការលើកកម្ពស់វិស័យកីឡានៅតាមសាលារៀន ការបរិច្ចាគឈាមជួយសង្គ្រោះជីវិតជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងការងារបរិស្ថាន និងសង្គមកិច្ច ដូចជាការដាំកូនឈើ ការផ្តល់ធុងសំរាមសាធារណៈ និងការជួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ដែលសកម្មភាពទាំងអស់នេះ គឺជាសក្ខីភាពនៃបេសកកម្មរបស់ធនាគារក្នុងការចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។