ក្រុមប្រឹក្សាភិបាល

លោក Shuzo Shikata

ប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក

លោក Shuzo Shikata ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី ហួរ នៅ ខែមករា ឆ្នាំ២០២៣។ លោកក៏ជាអ្នកតំណាង ភាគទុនិករបស់ក្រុមហ៊ុន SBI Holdings ដែលមានអាសយដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សព្វថ្ងៃនេះ លោកកំពុងបម្រើការងារ ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Tien Phong Commercial Bank នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក Shikata ធ្លាប់ធ្វើការនៅធនាគារ MUFG ដ៏ធំមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុនពេលលោកចូលបម្រើការងារនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ក្នុងនាមជាអ្នកឯកទេសក្នុងវិស័យសាជីវកម្ម និងធនាគារ វិនិយោគ គាត់បានចូលរួមកាន់តួនាទីសំខាន់ៗជាច្រើន នៅក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ និងការគ្រប់គ្រងឲ្យមានតម្លាភាពនៅក្នុងធនាគារ អេស ប៊ី អាយ លី ហួរ។

ដោយមានបទពិសោធន៍យ៉ាងច្រើននៅក្នុងការដឹកនាំគ្រប់គ្រងធនាគារនៅបរទេស ខ្លួនលោកផ្ទាល់ ព្រមទាំងក្រុមហ៊ុន SBI Holdings បាននឹងកំពុងជួយជ្រោមជ្រែងធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការរៀបចំ និងអនុវត្តនូវយុទ្ធសាស្រ្តសាជីវកម្មរបស់ធនាគារបានយ៉ាងល្អប្រសើរ។

លោក Shikata បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Ritsumeikan នៃប្រទេសទេសជប៉ុន។

ឧកញ៉ា លី សុភាព

សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក

មុនពេលត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិនៃធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ឧកញ៉ា លី សុភាព កាន់តំណែងសំខាន់ៗមួយចំនួនក្នុងការជម្រុញកំណើនអាជីវកម្មធនាគារ លោកគ្រប់គ្រងអគ្គនាយកដ្ឋានប្រតិបត្តិការ ដោយគ្រប់គ្រងលើប្រតិបត្តិការប្រចាំថ្ងៃជូនទៅដល់អ្នកប្រើប្រាស់ចុងក្រោយ គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ សកម្មភាពនៃការលក់ និងសេវាកម្មផ្សេងៗរបស់សាខាទូទាំង២៥ខេត្ត/ក្រុង រៀបចំផែនការទំនាក់ទំនងក្នុងការចែកចាយក្នុងការលក់បន្ត និងអ្នកផ្គត់ផ្គង់ ធានាបាននូវភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលមានកំណើនកាន់តែខ្លាំងឡើង។ បន្ទាប់មកលោកបានផ្លាស់ទៅគ្រប់គ្រងអគ្គនាយកដ្ឋានធនាគារពាណិជ្ជ ក្នុងការរៀបចំយុទ្ធសាស្រ្តប្រតិបត្តិការអាជីវកម្មធនាគារ ដឹកនាំ និងផ្តួចផ្តើមគំនិតក្នុងការប្រមូលប្រាក់បញ្ញើសន្សំពីសាធារណជនបានចំនួន ៥០០ លានដុល្លារ ត្រឹមតែក្នុងរយៈពេល១៨ខែ ចាប់ពីខែមេសាឆ្នាំ២០២០ ដែលជាការចាប់ផ្តើមនៃវិបត្តិជំងឺកូវីដ១៩។ លោកក៏ជាអ្នកដឹកនាំក្នុងនាយកដ្ឋានសំខាន់ៗផ្សេងទៀតដូចជា ផ្នែកពាណិជ្ជកម្ម        ភតិសន្សា ទីផ្សារនិងទំនាក់ទំនង ឌីជីថល និងធនាគារព្រីមៀរ៍។

លោកមានបទពិសោធន៍ក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលសំខាន់ៗជាច្រើនដូចជា ប្រធានក្រុមប្រឹក្សា      ភិបាល ក្រុមហ៊ុន លី ហួរ ផេប្រូ នាយកប្រតិបត្តិ ក្រុមហ៊ុនរតនៈអលង្ការ ខូអិលធីឌី និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនលី ហួរ ប្តូរប្រាក់ផងដែរ។

លើសពីនេះទៅទៀត លោកមានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការក្នុងដឹកនាំកិច្ចពិភាក្សាធំៗទាំងក្នុង និងក្រៅប្រទេស ហើយលោកមានក៏មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុថែមទៀតផង។

ឧកញ៉ា លី សុភាព ទទួលបានសញ្ញាប័ត្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះលោកទទួលបានបរិញ្ញាប័ត្រកិត្តិយសផ្នែកពហុរចនាប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យ Huddersfield ក្នុងទីក្រុង Manchester នៃចក្រភពអង់គ្លេស ឆ្នាំ២០០៤។

លោក Makoto Miyazaki

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលមិនប្រតិបត្តិ

លោក Makoto Miyazaki មានបទពិសោធន៍ជាងម្ភៃឆ្នាំក្នុងការដឹកនាំគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន SBI Holdings Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំនេះ ហើយសព្វថ្ងៃនេះ លោកជានាយកប្រតបត្តិមួយរូបនៃក្រុមហ៊ុន SBI Holdings Inc. ដោយលោកមានតួនាទីដឹកនាំនាយកដ្ឋានគ្រប់គ្រង ពាណិជ្ជកម្មក្រៅប្រទេស។ លោកក៏កាន់តួនាទីធំៗមួយចំនួនទៀតដែរដូចជា អភិបាល អភិបាលមិនប្រតិបត្តិ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន (President) នៃក្រុមហ៊ុនធំៗផ្សេងៗទៀតដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SBI Holdings Inc.។ លោក Miyazaki មានតួនាទីជាអភិបាល នៅតាមបណ្តាក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនវិនិយោគផលប័ត្រជាច្រើនទៀត។ លោក Miyazaki បានចាប់ផ្តើមអាជីពការងារដំបូងរបស់គាត់ជាមួយក្រុមហ៊ុន SBI Holdings Inc. ជានាយកប្រតិបត្តិប្រចាំការិយាល័យតំណាងទីក្រុង     ប៉េកាំង កាលពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១២។ បន្ទាប់មកលោកក៏ ត្រូវបានតែងតាំងជានាយកប្រតបត្តិ ដឹកនាំនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ នាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសគឺជានាយកដ្ឋានដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍន៍របស់បណ្តាក្រុមហ៊ុនសម្ព័ន្ធទាំងឡាយដែលមានអាជីវកម្មចម្រុះ មានតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនបណ្តាក់ទុនសាជីវកម្ម (corporate venture capital) និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាដើម ដែលមានទីតាំងនៅក្រៅប្រទេសជប៉ុន រួមមាន ប្រទេសអាល្លឺម៉ង ហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋប្រជាមាណិត្យចិន សង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋ      អាមេរិក និងប្រទេសវៀតណាម។

លោក Miyazaki គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Western Oregon University នៃសហរដ្ឋអាមេរិក (ពីមុនត្រូវបានគេស្គាល់ជា Western Oregon State College) ជាកន្លែងដែលលោកបានទទួលបរិញ្ញាប័ត្រផ្នែកធុរៈកិច្ចរបស់លោក។

លោក Eiichiro So

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលមិនប្រតិបត្តិ

លោក Eiichiro So បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលកាលពីខែធ្នូ ឆ្នាំ២០១៩។ លោកបានធ្វើការជាមួយក្រុមហ៊ុន SBI Group អស់រយៈពេលជាង ១៥ឆ្នាំ មកហើយ ហើយសព្វថ្ងៃនេះលោកជា សហនាយកប្រតិបត្តិ ជានាយកប្រតិបត្តិជាន់ខ្ពស់ និងអនុប្រធាននៃក្រុមហ៊ុន SBI Investment Korea Co., Ltd., ដែលជាក្រុមហ៊ុនបណ្តាក់ដើមទុនសាជីវកម្ម (listed venture capital firm) ដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីផ្សារភាគហ៊ុនកូរ៉េឈ្មោះ KOSDAQ (Korean Securities Dealers Automated Quotations) ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន SBI Royal Security Plc. ជាអភិបាលធនាគារ Tien Phong Commercial Joint Stock Bank  (នៅប្រទេសវៀតណាម) និងជាអភិបាលនៃក្រុមហ៊ុន SBI Thai Online Securities Col, Ltd (នៅប្រទេសថៃ)។ ជាមួយបទពិសោធន៍ជាង ២០ (ម្ភៃ) ឆ្នាំរបស់លោកនៅក្នុងវិស័យធនាគារវិនិយោគ និងមូលធនឯកជន (private equity) ជាពិសេសបទពិសោធន៍នៅក្នុងទីផ្សារដែលកំពុងមានការរីកចម្រើនខ្លាំង (រួមមាន កូរ៉េខាងត្បួង សឹង្ហបុរី វៀតណាម និងកម្ពុជា) ដោយផ្តោតទៅលើវិស័យហិរញ្ញវត្ថុ (មានដូចជា ធនាគារ​ មូលបត្រ និងមូលធនឯកជន) លោកបានចូលរួមចែកចំណែគយ៉ាងច្រើនទៅក្នុងការអភិវឌ្ឍន៍អាជីវកម្ម និង​បច្ចេកទេសគ្រប់គ្រងរបស់ធនាគារ។

ពីមុនមក លោកធ្លាប់ជាអនុប្រធាននៃធនាគារ Sumitomo Mitsui Banking Corporation          ជាអភិបាលនៃធនាគារភ្នំពេញពាណិជ្ជ ជាអភិបាលប្រតិបត្តិនៃ ក្រុមហ៊ុន SBI Ven Capital Pte. Ltd (ប្រទេសសឹង្ហបុរី) និងជាអភិបាលនៃ ក្រុមហ៊ុន FPT Securities (ប្រទេសវៀតណាម)។

លោក So បានបញ្ចប់ការសិក្សាកម្រិតថ្នាក់អនុបណ្ឌិតមកពីសាកលវិទ្យាល័យ Hitotsubashi ថ្នាក់ក្រោយឧត្តមសិក្សានៃនាយកដ្ឋានយុទ្ធសាស្រ្តសាជីវកម្មអន្តរជាតិ (ប្រទេសជប៉ុន) និងបរិញ្ញាប័ត្រផ្នែកគណនេយ្យ មហាវិទ្យាល័យពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Chuo (ប្រទេសជប៉ុន)។

ឧកញ៉ា លី សុភ័ក្ត

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលមិនប្រតិបត្តិ

ឧកញ៉ា លី សុភ័ក្ត កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅ ខែមករា ឆ្នាំ២០២៣ ។
ឧកញ៉ា ជាធុរជនខ្មែរមានភាពស្វាហាប់ និងប្រជាប្រិយមួយរូប ព្រមទាំងមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេស
កម្ពុជា។ ឧកញ៉ា បានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម ។
ឧកញ៉ា មានមុខតំណែង និងតួនាទីសំខាន់ៗផ្សេងទៀតដូចជា អនុប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានក្រុម
ប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ លីស៊ីង។ ឧកញ៉ាបានខិតខំចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាពតាម
រយៈការវិនិយោគក្នុងប្រទេស។

លោក ហូរ វរៈបុត្ត

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលឯករាជ្យ

សព្វថ្ងៃនេះ លោក ហូរ វរៈបុត្ត គឺជាសាស្រ្តាចារ្យនៅសាលារៀន CamEd Business School និងជា​សមាជិកក្រុមប្រឹក្សាភិបាល/រតនាភិបាលរបស់សមាគម Eurocham Cambodia។ លោកមានបទពិសោធន៍ការងារជាង ២៥ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ លោកជាអតីតអភិបាលនៃក្រុមហ៊ុន The Blue Circle និងធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៅសមាគមធនាគារនៅកម្ពុជា (ហៅកាត់ថា IBF) លោកក៏ធ្លាប់បម្រើការងារនៅស្ថាប័នហិរញ្ញវត្ថុធំៗនៅអឺរ៉ុបមានដូចជា Credit Suisse (ចំនួន ១២ឆ្នាំ) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Aberdeen Asset Management ក្រុមហ៊ុនធានារ៉ាប់រង AXA និងក្រុមហ៊ុន Banque Hottinguer។

លោកមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតមកពីសាលាពាណិជ្ជកម្មឈ្មោះ Chicago Booth school of Business (ឆ្នាំ២០១២)។ លោក ហូរ វរៈបុត្ត គឺជាអ្នកវិភាគហិរញ្ញវត្ថុដែលទទួលស្គាល់ដោយសហភាពអឺរ៉ុប ពីសាលាឈ្មោះ The European Federation of Financial Analyst Societies – EFFAS ហើយថ្មីៗនេះ លោកបានទទួលវិញ្ញាបនបត្រវគ្គសិក្សាអភិបាលសាជីវកម្ម (ឆ្នាំ២០២០) ពីសាកលវិទ្យាល័យ Harvard Business School ផងដែរ។

លោក ខែក រ៉ាវី

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលឯករាជ្យ

លោក ខែក រ៉ាវី គឺជាអភិបាលឯករាជ្យមួយរូបនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។

លោកជាប្រធានគណៈកម្មការតែងតាំង និងផ្តល់តម្លៃការ និងជាសមាជិកនៃគណៈកម្មការសវនកម្ម និងគណៈកម្មការត្រួតពិនិត្យហានិភ័យផងដែរ។

នាពេលបច្ចុប្បន្ននេះ លោកមានមុខងារជាទីប្រឹក្សា នៃក្រុមហ៊ុន LBL International Construction និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RGL Equity (Siem Reap) Co. Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុន Goodland Group (ជាក្រុមហ៊ុនចុះក្នុងបញ្ជីក្នុងផ្សារភាគហ៊ុនរបស់ប្រទេសសឹង្ហបុរី)។ លោកបានធ្លាប់កាន់មុខងារជាអតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ ផងដែរ។

នៅចន្លោះឆ្នាំ ១៩៨៥ ដល់ឆ្នាំ២០១៩ លោក ខែក រ៉ាវី បានកាន់តួនាទីសំខាន់ៗមួយចំនួនដូចជា ជាភាគទុនិក ជាប្រធានក្រុមប្រឹក្សាភិបាល អភិបាល និងអភិបាលមិនប្រតិបត្តិនៅតាមបណ្តា ក្រុមហ៊ុនជាច្រើននៅប្រទេសបារាំង ប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជាផងដែរ។

ជាមួយប្រវត្តិការងារ និងបទពិសោធន៍ជំនាញវិជ្ជាជីវៈដ៏ច្រើនរបស់លោកទាំងក្នុងវិស័យរដ្ឋ និងឯកជន ដែលនាំឱ្យលោកក្លាយជាសមាជិកដ៏មានតម្លៃសំខាន់សម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។

លោកស្រី Wan Chi Ng

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលឯករាជ្យ

លោកស្រី Wan Chi Ng គឺជាគណនេយ្យករដែលមានបទពិសោធន៍ ជំនាញផ្នែកហិរញ្ញវត្ថុ ថវិកា និងរបាយការណ៍។ គាត់បានគ្រប់គ្រងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុន Allnison Auditing and Consulting និងធ្វើជាសាស្រ្តាចារ្យនៅវិទ្យាស្ថាន CamEd Business School ។ ជាមួយនឹងសាវតាផ្នែកសវនកម្មនៅក្រុមហ៊ុន PwC នៃទីក្រុង Montreal គាត់បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែកគណនេយ្យសាធារណៈ និងនិយាយភាសាបារាំង កាតាំង កុកងឺ និងភាសាអង់គ្លេស។