បេសកកម្ម
ធនាគារឈានមុខគេប្រកបដោយការជឿជាក់ជាមួយ នវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការបន្តអភិវឌ្ឍខ្លួនប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម។
ទស្សនៈវិស័យ
ជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធធនាគារឌីជីថលដ៏ទំនើប ប្រតិបត្តិការធនាគារដែលមានទំនុកចិត្ត និងបណ្តាញភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា។
ពាក្យស្លោក
ធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន។
វប្បធម៌រួម
• សុចរិតភាព៖ យើងទាំងអស់គ្នាគប្បី ប្រកាន់យកនូវភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ច មិនមានការភូតគហក មិនមានពុតត្បុតក្នុងការងារ មិនពុករលួយ មិនកេងបន្លំទ្រព្យសម្បត្តិរបស់ធនាគារឡើយ។
• សហប្រតិបត្តិការ៖ គ្រប់បុគ្គលិកយើងទាំងអស់គ្នា គប្បីមានស្មារតីជាក្រុមក្នុងការសម្រេចគោលដៅការងាររបស់យើង និងផ្ដល់សេវាកម្មដ៏ទាក់ទាញជូនគ្រប់ភាគីពាក់ព័ន្ធរបស់យើងគ្រប់ពេលវេលា មិនមើលបំណាំគ្នានៅពេលមានភាពចាំបាច់។
• ការទទួលខុសត្រូវ៖ សំដៅលើការហ៊ានទទួលខុស និងត្រូវនូវរាល់ទង្វើរបស់ខ្លួន ។ ជារឿយៗ យើងគប្បីចាត់ទុកថាការងារនេះ ជារបស់ខ្លួនឯង ត្រូវមានការប្រុងប្រយ័ត្ន លើការបាត់បង់ ការទទួលផល ហើយធ្វើយ៉ាងណាឲ្យល្អអស់ពីសមត្ថភាពដែលអាចធ្វើបាន ។ បើមានកំហុស ត្រូវរៀនសូត្រពីវា និងចៀសវាងកុំឲ្យមានកំហុសច្រំដែល។
• អតិថិជនជាចម្បង៖ បង្ហាញសមត្ថភាពវិជ្ជាជីវៈការងារខ្ពស់ លើផលិតផលនានា និងសេវាកម្មពេញលេញ ជូនអតិថិជនដោយទំនុកចិត្ត។
• ភាពជាអ្នកដឹកនាំ៖ អ្នកដឹកនាំ បង្កើតអ្នកដឹកនាំច្រើននាក់ទៀត មានន័យថាគ្រប់គ្នាត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ និងធ្វើឲ្យការងាររបស់ខ្លួនមានវឌ្ឍនភាព និងសម្រេចបានទៅតាមផែនការដែលបានកំណត់។
• មិនប្រកាន់បក្សពួក៖ ក្នុងការងារប្រតិបត្តិ ការសម្រេចចិត្តនានា ការលើកទឹកចិត្ត ការពិន័យឬស្ដីបន្ទោស ត្រូវផ្អែកលើគោលការណ៍របស់ធនាគារ មិនមែនផ្អែកលើទំនាក់ទំនងមិត្តភក្ដិ បងប្អូន និន្នាការនយោបាយ សាសនា ពូជសាសន៍ឡើយ ។
• ផលិតភាពខ្ពស់ និងប្រកបដោយគុណភាព៖ យើងគោរព និងឲ្យតំលៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរបស់បុគ្គលិកណាម្នាក់ ឬជាក្រុមដែលសម្រេចបានការងារច្រើន និងប្រកបដោយគុណភាព (ធ្វើបានល្អ បានស្អាត បានរឹងមាំ បានលឿន ចំណាយមានប្រសិទ្ធភាព និងធានាបាននូវភាពប្រឈមចំពោះបញ្ហានានាពេលខាងមុខ ។ល។)
• ការគោរព និងរួសរាយរាក់ទាក់៖ មានន័យថា រាល់ទង្វើដែលយើងធ្វើ រាល់ពាក្យសំដី អាកប្បកិរិយារវាងបុគ្គលិក និង បុគ្គលិក ថ្នាក់ដឹកនាំដោយមិនប្រកាន់ឋានៈ ឬជាមួយអតិថិជនក្ដី យើងត្រូវប្រកាន់ជាប់ជានិច្ចនូវការគោរពគ្នាទៅវិញទៅមក ដោយពាក្យសំដីសមរម្យ រួសរាយរាក់ទាក់ និងដោយភាពថ្លៃថ្នូរ ។
• ភាពក្លាហាន៖ យើងគប្បីមានភាពក្លាហានចូលរួមយោបល់ក្នុងការកែលំអ ឬផ្ដល់ការទិតៀនស្ថាបនាគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។ត្រូវព្យាយាមស្វែងរកអ្វីថ្មី ដែលយើងអាចធ្វើបានល្អជាងមុន។
• ឆន្ទៈមោះមុត៖ បង្ហាញពីភាពតស៊ូ ព្យាយាម ជំនះការលំបាក ធ្វើឲ្យសម្រេចបានការងារផងទាំងពួង ទោះជាមានតំរូវការលើសម៉ោងការងារខ្លះក្ដី ដោយឈរលើស្មារតីជាវិជ្ជមាន ។