• ទំព័រដើម
  • ព័ត៌មាន

ព័ត៌មាន

ធនាគារ អេស ប៊ី អាយ លី ហួរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមគ្នារៀបចំកម្មវិធី ផ្តល់ឈាមជួយជីវិតមនុស្ស

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំ “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើកដើម្បីជួយជីវិតមនុស្ស” ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាមប្រមាណជិត ៥០០នាក់។

ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាកឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបានឡើយ។

ធនាគារ អេស ប៊ី អាយ លី ហួរ មិនមែនជាគ្រឹះស្ថានហរិញ្ញវត្ថុដែលផ្តោតតែទៅលើប្រាក់ចំណេញឡើយ ពោលយើងតែងតែឆ្លៀតពេលដ៏មមាញឹករបស់យើង បន្តធ្វើសកម្មភាពមនុស្សធម៌ទាំងនេះបន្តទៀតដើម្បីសង្គ្រោះ ជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពប្រកួតប្រជែង និងស្របតាមតម្រូវការរបស់អតិថិជន។

ធនាគារ អេស ប៊ី អាយ លី ហួរ តែងបានគិតគូពីតម្រូវការ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួន ជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍសុខមាលភាពសង្គមផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលដើម្បីជួសជុលអគារសិក្សា | វិស័យសុខាភិបាល ដោយធនាគារបានចូលរួមបរិច្ចាគឈាម | វិស័យកីឡា ដោយធនាគារបានជួយឧបត្ថម្ភដោយផ្ទាល់ដល់សាលារៀន Soltilo Familia Soccer School Cambodia និងរៀបចំការប្រកួតបាល់ទាត់មិត្តភាពប្រចាំសប្តាហ៍ រវាងបុគ្គលិក និងបុគ្គលិកផងដែរ | និងវិស័យសង្គមកិច្ច ដោយធនាគារបានចូលរួមដាំកូនឈើ ផ្តល់ស្បៀងអាហារ និងរបស់របរចាំបាច់ដល់គ្រួសារដែលទទួលរងគ្រោះដោយទឹកជំនន់កន្លងមក និងផ្តល់ធុងសម្រាមដាក់នៅតាមទីសាធារណៈ។

ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែគាំទ្រសកម្មភាពមនុស្សធម៌របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបង្កើនចំនួនបរិមាណការបរិច្ចាកឈាមឲ្យកាន់តែច្រើនឡើង និងធ្វើជាគំរូល្អមួយសម្រាប់ស្ថាប័នផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings Inc.។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានសាខាចំនួន ៤៨ តាមបណ្តារាជធានី និងខេត្ត ទូទាំងប្រទេស៕