១. លក្ខខណ្ឌរួម
លក្ខខណ្ឌប្រតិបត្តិការគណនីបាគង គឺជា ”កិច្ចព្រមព្រៀង” រវាងអតិថិជន(លោកអ្នក) និង ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាទូទាត់ប្រាក់បាគង របស់ធនាគារជាតិនៃកម្ពុជា តាមរយៈ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។ លក្ខខណ្ឌនេះត្រូវបានរៀបរៀងឡើងសម្រាប់ប្រើប្រាស់បន្ថែមលើ “ថ្លៃសេវា និងការកំណត់ប្រតិបត្តិការសេវាទូទាត់តាមប្រព័ន្ធបាគង” និងបណ្ណផ្សព្វផ្សាយ។ សូមអានកិច្ចព្រមព្រៀងនេះ ឲ្យបានយល់ច្បាស់មុននឹងជ្រើសរើសយកពាក្យ “យល់ព្រម”។ ការជ្រើសរើសយកពាក្យ “យល់ព្រម” តាមរយៈទូរស័ព្ទដៃរបស់លោកអ្នក មានន័យថាលោកអ្នកបានយល់ព្រមគ្រប់លក្ខខណ្ឌដែលបានចែង និងការជូនដំណឹងទាំងអស់ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធបាគងរបស់លោកអ្នក ។
២. និយមន័យ និងពាក្យបច្ចេកទេស
- “កម្មវិធីបាគង” គឺជាកម្មវិធីប្រតិបត្តិការប្រព័ន្ធបាគង ដែលដាក់ជូនអតិថិជនរបស់សមាជិកដែលប្រើប្រាស់ Extended Features របស់ប្រព័ន្ធបាគងទាញយក ដើម្បីប្រើប្រាស់ ។
- “បាគងវ៉ាឡេត” សំដៅលើសំណុំនៃលេខដែលបានកំណត់ក្នុងទម្រង់គណនី ឬលក្ខណៈស្រដៀងគ្នានៃអត្តសញ្ញាណតែមួយគត់ដែលបានកំណត់ទៅអ្នកប្រើប្រាស់ ដែលរក្សាទុកសមតុល្យរបស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធទូទាត់បាគង។ វ៉ាឡេតនេះនឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិបន្ទាប់ពីអ្នកប្រើប្រាស់បានបញ្ចប់ជំហានចាំបាច់ទាំងអស់ដោយជោគជ័យក្នុងអំឡុងពេលធ្វើការចុះឈ្មោះ។ វានឹងបង្កើតជារូបិយប័ណ្ណពីរប្រភេទ គឺប្រាក់រៀល និងដុល្លារអាមេរិក។
- “ប្រព័ន្ធបាគង” គឺជាប្រព័ន្ធដែលគ្រប់គ្រងដោយសភាផាត់ទាត់ជាតិ របស់ធនាគារជាតិនៃកម្ពុជា ។ ប្រព័ន្ធនេះ បានផ្តល់លទ្ធភាពក្នុងការតភ្ជាប់រវាងប្រព័ន្ធរបស់សមាជិក ដើម្បីឲ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារជាមួយគ្នាបាន រវាងសមាជិក ក្នុងគោលដៅទូទាត់ ។
- “គណនីទូទាត់បាគង” សំដៅលើគណនី របស់សមាជិកដែលបើកនៅធនាគារជាតិនៃកម្ពុជា សម្រាប់ទូទាត់ក្នុងប្រព័ន្ធបាគង ។
- “គណនីធនាគារ” សំដៅលើគណនីរបស់ធនាគារសមាជិក ឬគណនីធនាគាររបស់អតិថិជនផ្សេងទៀត របស់សមាជិកប្រព័ន្ធបាគង។
- “PIN” គឺជាលេខសម្ងាត់ផ្ទាល់ខ្លួន ដែលមានចំនួនចាប់ពី ០៦ខ្ទង់ និងត្រូវបានជ្រើសរើសដោយអតិថិជនផ្ទាល់ ប្រើដើម្បីចូលប្រើប្រាស់ប្រព័ន្ធបាគង។
- “QR Code” គឺជាកូដសម្គាល់ឲ្យគណនីផ្ទាល់ខ្លួនរបស់អតិថិជន ហើយវាត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធបាគងបានសម្រេចហើយ QR Code នេះត្រូវបានប្រើសម្រាប់ទទួលប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្ម ផងដែរ ។
៣. សេវាធនាគារដែលអាចធើ្វប្រតិបតិ្តការតាមទូរស័ព្ទចល័ត
- ពិនិត្យមើលសមតុល្យគណនី
- ប្រវត្តិប្រតិបត្តិការក្នុងវ៉ាឡេត
- ការប្តូរប្រាក់ (ដុល្លារអាមេរិក និងប្រាក់រៀល)
- QR Pay (ដុល្លារអាមេរិក និងប្រាក់រៀល)
- ការផ្ទេរប្រាក់តាមវ៉ាឡេតផ្ទាល់ខ្លួន (ពីដុល្លារអាមេរិកទៅប្រាក់រៀល និងផ្ទុយមកវិញ)
- ផ្ទេរប្រាក់រវាងគណនីមួយទៅកាន់គណនីមួយទៀត
- គណនីបាគង ទៅគណនីបាគង (ទៅមក)
- គណនីបាគង ទៅមកគណនីធនាគារ (ទៅមក)
- ការដាក់ប្រាក់នៅបញ្ជរបេឡារបស់ធនាគារ
- ដាក់ប្រាក់ចូលគណនីបាគង
- ដាក់ប្រាក់ចូលគណនីធនាគារ
- ដកសាច់ប្រាក់ពីគណនីបាគង តាមរយៈបញ្ជរបេឡារបស់ធនាគារ
- ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈការស្កេន QR Code
- សេវាផ្សេងៗទៀត ដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការទៅតាមតម្រូវការជាក់ស្ដែង។
- លក្ខណៈសម្បត្តិអតិថិជន
ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់ លោកអ្នកត្រូវតែមានអាយុយ៉ាងតិច ១៨ ឆ្នាំគិតត្រឹមកាលបរិច្ឆេទនៃការចុះឈ្មោះនៅក្នុងកម្មវិធីបាគងអ៊ី វ៉ាឡេត និងមិនត្រូវបានកំណត់អត្តសញ្ញាណឬរកឃើញក្នុងបញ្ជីទណ្ឌកម្មណាមួយឡើយ។ អ្នកត្រូវតែផ្តល់ព័ត៌មានពេញលេញ ត្រឹមត្រូវ និងអាចជឿទុកចិត្តបានតាមតម្រូវការក្នុងកម្មវិធីបាគង អ៊ី វ៉ាឡេត រួមមានតែមិនកំណត់ចំពោះឯកសារអត្តសញ្ញាណ (អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន) អាសយដ្ឋានលំនៅដ្ឋានបច្ចុប្បន្ន មុខរបរ រូបថតផ្ទាល់មុខដែលអាចមើលឃើញយ៉ាងច្បាស់ រូបភាពនៃឯកសារអត្តសញ្ញាណដែលថតចេញពីច្បាប់ដើម។
លោកអ្នកត្រូវមានទូរស័ព្ទចល័តផ្ទាល់ខ្លួន និងលេខទូរស័ព្ទ ដែលប្រតិបត្តិការដោយ iOS ឬ Android ។
៥. ការទទួលខុសត្រូវ
៥.១ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុង រាល់ព័ត៌មានដែលបានចុះឈ្មោះប្រើប្រាស់សេវាដោយខ្លួនឯងផ្ទាល់ តាមរយៈទូរស័ព្ទចល័ត និងធានាថាព័ត៌មានទាំងនោះជាព័ត៌មានពិតប្រាកដ មិនក្លែងក្លាយ ។ ករណី ធនាគាររកឃើញថាព័ត៌មានដែល “លោកអ្នក” ផ្តល់ជូនធនាគារជាព័ត៌មានមិនពិតឬក្លែងក្លាយ នោះ “លោកអ្នក” ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
៥.២ លោកអ្នកត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត រួមទាំងការខាតបង់ដែលកើតឡើងដោយខ្លួនអ្នកផ្ទាល់ បុគ្គលផ្សេងទៀត ឬធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ។ ប្រសិនបើ លោកអ្នកប្រព្រឹត្តដោយធ្វេសប្រហែស ឬការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬដោយប្រយោល តែម្នាក់ឯង ឬដោយមានការចូលរួមពីអ្នកដទៃ នោះលោកអ្នកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ទោះបី លោកអ្នកប្រព្រឹត្តដោយចេតនា ឬអចេតនាក៏ដោយ។
៥.៣ លោកអ្នកយល់ព្រមអនុវត្តទៅតាមគោលការណ៍ច្បាប់ និងបទប្បញ្ញតិ្តផេ្សងៗ ទាក់ទងនឹងការប្រើប្រាស់សេវា ទូទាត់តាមប្រព័ន្ធបាគង ដូចជាច្បាប់ស្តីពីការប្រឆាំងការសំអាតបា្រក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។ ការចូលទៅកាន់សេវាទូទាត់ប្រាក់បាគងពីទីតាំងនានានៅក្រៅប្រទេសកម្ពុជាគឺជាហានិភ័យផ្ទាល់ខ្លួនរបស់អ្នក ហើយលោកអ្នកត្រូវទទួលខុសត្រូវចំពោះការអនុលោមតាមច្បាប់បញ្ញតិ្តនៃព្រះរាជាណាចក្រកម្ពុជា។ យើងមិនធានាអះអាងឡើយថា មាតិកាណាមួយ ឬការប្រើប្រាស់សេវាទូទាត់ប្រាក់បាគង អាចប្រើបាននៅក្នុងទីតាំងនៅក្រៅប្រទេសកម្ពុជា។
៥.៤ លោកអ្នក យល់ព្រមចាត់វិធានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព សន្តិសុខ និងសុចរិតភាព នៃគណនី និងប្រតិបត្តិការរបស់ លោកអ្នក នៅពេលប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធបាគង ។
៥.៥ លោកអ្នក ត្រូវអនុវត្តតាមលក្ខខណ្ឌប្រតិបត្តិគណនីបាគង និងជាពិសេសលក្ខខណ្ឌដែលទាក់ទងទៅនឹងការប្រើប្រាស់លេខសម្ងាត់និងកម្មវិធីបាគងឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ ជៀសវាងអ្នកដទៃលួចបន្លំធ្វើប្រតិបត្តិការគណនី។ លោកអ្នកត្រូវប្រើកម្មវិធីបាគងតែជាមួយទូរស័ព្ទចល័តផ្ទាល់ខ្លួនដែលបានចុះឈ្មោះដោយខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ ។
៥.៦ លោកអ្នក ត្រូវផ្តល់ព័ត៌មានពិស្តារបន្ថែមទៀតជាបន្ទាន់មកធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅពេលទូរស័ព្ទ និងលេខសម្ងាត់ត្រូវបានគេលួចដើម្បីធ្វើប្រតិបត្តិការសេវាទូទាត់តាមប្រព័ន្ធបាគង ។ ជាងនេះទៅទៀត លោកអ្នកត្រូវយល់ព្រមសហការជាមួយធនាគារ ដើម្បីស្រាវជ្រាវរកប្រតិបត្តិការដែលគ្មានការអនុញ្ញាតនោះ ។
៥.៧ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងមិនទទួលខុសត្រូវលើការខូចខាត ការបាត់បង់ ការលុបចោលទិន្នន័យដោយសារតែមានការភ្លាំងភ្លាត់ ឬទូរស័ព្ទរបស់លោកអ្នក មិនដំណើរការ ឬប្រធានសក្តិ ដែលជាហេតុការណ៍កើតឡើងដោយចៃដន្យ ហើយភាគីទាំងពីរមិនអាចដឹងមុន និងមិនអាចចៀសវាងបានដូចជា៖ សង្រ្គាម អគ្គិភ័យ រញ្ជួយដី ខ្យល់ព្យុះ និងទឹកជំនន់ ។ល។
៦. លេខសម្ងាត់ និងលក្ខខណ្ឌសុវត្ថិភាព
៦.១ ត្រូវជ្រើសរើសលេខសម្ងាត់ផ្ទាល់ខ្លួន (PIN Code) ជាលេខដែលមានចំនួន ០៦ខ្ទង់។
៦.២ មិនត្រូវកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួនទុកនៅលើវត្ថុអ្វីមួយឡើយ ត្រូវទនេ្ទញចាំមាត់ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ។
៦.៣ មិនត្រូវឲ្យគេដឹង ឬឲ្យគេមើលឃើញលេខសម្ងាត់ នៅពេលប្រើបា្រស់ឡើយ ។ ត្រូវបា្រកដថាគ្មាននរណាម្នាក់ លួចមើលនៅពេលលោកអ្នកបញ្ចូលលេខសម្ងាត់ ។
៦.៤ ត្រូវធ្វើការផ្លាស់ប្តូរលេខសម្ងាត់ឲ្យបានញឹកញាប់ ។
៦.៥ ក្នុងករណីភ្លេចលេខសម្ងាត់ ឬបាត់ទូរស័ព្ទសម្រាប់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគង អតិថិជនត្រូវអនុវត្តនូវកាតព្វកិច្ចដូចខាងក្រោម ៖
- ករណីប្តូរទូរស័ព្ទថ្មី ឬភ្លេចលេខកូដចូលប្រព័ន្ធ (PIN CODE): លោកអ្នកអាចប្រើទូរស័ព្ទថ្មីដើម្បីស្កេន QR CODE ដែលបានរក្សានៅពេលចុះឈ្មោះដំបូង ឬប្រើប្រាស់ QR CODE ដែលមាននៅក្នុងទូរស័ព្ទចាស់របស់ខ្លួន ដោយបញ្ចូលលេខកូដសម្ងាត់ QR RECOVERY CODE ឲ្យបានត្រឹមត្រូវដើម្បីផ្ទេរគណនីបាគងទៅប្រើប្រាស់នៅក្នុងទូរស័ព្ទថ្មី។
- ក្នុងករណីភ្លេចលេខសម្ងាត់ឬបាត់ទូរស័ព្ទដែលលោកអ្នកប្រើសម្រាប់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគង៖
- ដោយផ្អែកលើលក្ខខណ្ឌសុវត្ថិភាពរបស់ប្រព័ន្ធបាគងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ពុំអាចផ្តល់លេខកូដសម្ងាត់ថ្មីជូន លោកអ្នក បានទេ។
- លោកអ្នកត្រូវតែបង្កើតគណនីថ្មី ហើយដាក់ពាក្យសុំផ្ទេរសមតុល្យគណនីចាស់ទៅក្នុងគណនីថ្មីរបស់លោកអ្នក។
- បន្ទាប់ពីទទួលបានពាក្យស្នើសុំរបស់លោកអ្នក ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និងបញ្ជូនព័ត៌មាន និងការស្នើសុំរបស់លោកអ្នកទៅធនាគារជាតិ នៃ កម្ពុជា ដើម្បីធ្វើការបិទគណនីបាគងចាស់ និងផ្ទេរសមតុល្យចូលទៅក្នុងគណនីបាគងថ្មី ។
៧. លក្ខខណ្ឌសុវត្ថិភាពនៃទូរស័ព្ទចល័តដែលបានភ្ជាប់ប្រព័ន្ធបាគង
៧.១ មិនត្រូវភ្ជាប់ប្រព័ន្ធ ឬបញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទឡើយ ។
៧.២ ពិនិត្យកម្មវិធីដែលកំពុងដំណើរការនៅលើទូរស័ព្ទដៃរបស់លោកអ្នកជានិច្ច។ ប្រសិនបើរកឃើញកម្មវិធីដែលមិនធ្លាប់ស្គាល់ សូមបិទវាភ្លាមៗ ដើម្បីជៀសវាងការរីករាលដាលនៃមេរោគ ហើយបន្ទាប់មកយកវាទៅកាន់មជ្ឈមណ្ឌលសេវាកម្មទូរស័ព្ទរដើម្បីធ្វើការត្រួតពិនិត្យ និងសម្អាត។
៧.៣ មិនត្រូវទុកទូរស័ព្ទចោលដោយមិនបានចាក់សោឡើយ ។
៧.៤ មិនត្រូវប្រើប្រាស់សេវាអ៊ីនធើណែតសាធារណៈឡើយ ពីព្រោះ Hacker អាចជ្រៀតចូលបាន។
៧.៥ ត្រូវចាកចេញពីកម្មវិធីសេវាទូទាត់តាមប្រព័ន្ធភ្លាមនៅពេលធ្វើប្រតិបត្តិការរួច។
៧.៦ ត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់ប្រព័ន្ធបាគងសម្រាប់ប្រើសេវាធនាគារឲ្យមានសុវត្ថិភាពល្អ ។ ជូនដំណឹងមកធនាគារភ្លាមៗ ប្រសិនបើទូរសព្ទរបស់លោកអ្នកបាត់ ឬត្រូវបានគេលួច។
៧.៧ ក្នុងករណី លោកអ្នកលក់ ឬផ្ទេរទូរស័ព្ទឲ្យអ្នកផ្សេង ត្រូវលុបចេញនូវកម្មវិធីបាគងពីក្នុងទូរស័ព្ទ ។
៧.៨ យើងមិនទទួលខុសត្រូវចំពោះការបាត់បង់ឬការខូចខាតណាមួយទេ ប្រសិនបើអ្នកមិនគោរពតាមលក្ខខណ្ឌទាំងនេះយ៉ាងតឹងរ៉ឹង។
៨. គណនីបាគង
បន្ទាប់ពី លោកអ្នកចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគងបានសម្រេច លោកអ្នកនឹងមានគណនីបាគង ជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដោយស្វ័យប្រវត្តិនៅក្នុងប្រព័ន្ធបាគង។
៩. លក្ខខណ្ឌនៃការប្រើប្រាស់គណនីបាគង
- អត្រាការប្រាក់គ្មាន ។
- ប្រាក់តម្កល់ដំបូងគឺមិនតម្រូវ ។
- សមតុល្យអប្បបរមាស្មើសូន្យ ។
- ការដកប្រាក់ចេញពីគណនីបាគង តាមម៉ាស៊ីនស្វ័យប្រវត្តិ (ATM/CRM) មិនត្រូវបានអនុញ្ញាតឡើយ។ ក្នុងករណីមានតម្រូវការដកសាច់ប្រាក់។ អតិថិជនអាចដកនៅបញ្ជរបេឡារបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ស្ថិតនៅទីតាំងទីស្នាក់ការកណ្តាលតែប៉ុណ្ណោះ។
- គណនីបាគង មិនមានកាលបរិច្ឆេទផុតកំណត់ទេ ប៉ុន្តែបើគណនីមានសមតុល្យធំជាងសូន្យ ហើយគ្មានប្រតិបត្តិការកើតឡើងក្នុងរយៈពេល ៣៦៥ ថ្ងៃ (លើកលែងតែប្រតិបត្តិការដែលធ្វើឡើងដោយធនាគារផ្ទាល់) ត្រូវចាត់ជាគណនីអសកម្មភាព ឬគ្មានប្រតិបត្តិការ ហើយគណនីនេះមិនអាចធ្វើប្រតិបត្តិការចេញ-ចូលបានឡើយ ដោយត្រូវបង្ខាំង (Blocked) ដោយស្វ័យប្រវត្តិ ។
១០. ការទូទាត់សំណង
លោកអ្នកយល់ព្រមដោយឥតលក្ខខណ្ឌ ក្នុងការទូទាត់សំណងមកធនាគារ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬការចំណាយផ្សេងៗដែលធនាគារទទួលរង ទាក់ទងនឹងប្រតិបត្តិការសេវាទូទាត់តាមប្រព័ន្ធបាគងនិងដោយការអនុវត្តបំពានរបស់លោកអ្នក លើកិច្ចព្រមព្រៀងនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការសេវាទូទាត់តាមប្រព័ន្ធបាគង ដោយគ្មានការអនុញ្ញាតឬប្រតិបត្តិការកែ្លងបន្លំ ។
១១ ការបញ្ឈប់ ឬធ្វើមោឃភាពសេវាទូទាត់តាមប្រព័ន្ធបាគង
១១.១ លោកអ្នកត្រូវធ្វើការដកប្រាក់ ឬផ្ទេរប្រាក់ចេញពីគណនីរបស់លោកអ្នក ឲ្យនៅសមតុល្យសូន្យជាមុនទើបអាចស្នើសុំបញ្ឈប់ ឬមោឃភាពសេវានេះបាន ។
១១.២ លោកអ្នកអាចស្នើសុំបញ្ឈប់ឬធ្វើមោឃភាពសេវាទូទាត់តាមប្រព័ន្ធបាគងបានដោយខ្លួនឯងផ្ទាល់ តាមរយៈទូរស័ព្ទចល័តដែលភ្ជាប់សេវាទូទាត់តាមប្រព័ន្ធបាគង ដោយមិនឆ្លងកាត់ការអនុម័តពីធនាគារឡើយ។
១២. កម្រៃសេវា
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក អាចដាក់តម្លៃសេវាលើអ្នកប្រើប្រាស់/អតិថិជនដែលប្រើប្រាស់សេវាកម្មណាមួយរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ឬភ្ជាប់ទៅក្នុងកម្មវិធីបាគង។
លោកអ្នកយល់ព្រមក្នុងការបង់ថ្លៃសេវាដែលអាចអនុវត្តបានពីពេលមួយទៅពេលមួយកំណត់ដោយធនាគារទាក់ទងនឹងការប្រើប្រាស់សេវាទូទាត់ប្រាក់បាគង។
លោកអ្នកផ្តល់សិទ្ធិឱ្យធនាគារគិតថ្លៃសេវាបែបនេះទៅក្នុងគណនីរបស់ លោកអ្នកដែលបានរក្សាទុកជាមួយធនាគារដោយមិនមានការជូនដំណឹងជាមុន។ យើងអាចផ្លាស់ប្តូរ “កិច្ចព្រមព្រៀង” និង “ថ្លៃសេវា និងការកំណត់នៃសេវាទូទាត់បាគង” នៅពេលណាមួយ ដោយស្ថិតនៅក្រោមច្បាប់ជាធរមាន។ លើកលែងតែអ្វីដែលបានបញ្ជាក់នៅទីនេះ យើងនឹងជូនដំណឹងដល់លោកអ្នក អំពីការផ្លាស់ប្តូរដែលប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចរបស់លោកអ្នក។
១៣. ការទូទាត់ និងការផ្ទេរប្រាក់តាមអេឡិចត្រូនិក
១៣.១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងអនុវត្តតាមការបញ្ជាផ្ទេរប្រាក់ ឬទូទាត់ តាមរយៈទូរស័ព្ទចល័តដែលបានភ្ជាប់ប្រព័ន្ធបាគង ហើយ “លោកអ្នក” ត្រូវបញ្ចូលព័ត៌មានឲ្យបានត្រឹមត្រូវច្បាស់លាស់ ដូចជា លេខគណនី លេខទូរស័ព្ទ និងចំនួនទឹកបា្រក់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះនៅលើកញ្ចក់ទូរស័ព្ទមុននឹងយល់ព្រមធ្វើការទូទាត់ (មុននឹងចុចយល់ព្រម ឬ “Yes”)។ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការធានាថា ការណែនាំដែលត្រូវបានផ្តល់ជូនធនាគារគឺត្រឹមត្រូវ។ លោកអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់ នូវរាល់ការផ្ទេរប្រាក់ខុសលេខគណនីរបស់អ្នកទទួលផល ឬការផ្ទេរប្រាក់លើស ឬខ្វះចំនួនទឹកប្រាក់ដែលត្រូវផ្ទេរទៅលេខគណនីរបស់អ្នកទទួលផល ។
១៣.២ ការទូទាត់ ឬការផ្ទេរប្រាក់ទៅគណនីតាមប្រព័ន្ធអេឡិចត្រូនិក មិនអាចធើ្វការកែប្រែ ឬបញ្ឈប់បានទេ នៅពេលប្រតិបត្តិការបានដំណើរការចប់រួចរាល់ ។ លោកអ្នកត្រូវជូនដំណឹងមកធនាគារជាបន្ទាន់ប្រសិនបើព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងការទូទាត់ ឬផ្ទេរប្រាក់តាមទូរស័ព្ទ បង្ហាញលើរបាយការណ៍គណនីរបស់លោកអ្នក។
១៤. ការរក្សាអាថ៌កំបាំងវិជ្ជាជីវៈ
ធនាគារត្រូវរក្សាការសម្ងាត់ និងមិនអាចផ្តល់ព័ត៌មានទៅភាគីណាមួយអំពីគណនីរបស់លោកអ្នក ឱ្យទៅជនណាមួយក្រៅពីអតិថិជន ជាម្ចាស់គណនីឡើយ លើកលែងតែក្នុងករណីដូចខាងក្រោម៖
- តម្រូវការចាំបាច់របស់អាជ្ញាធរមានសមត្ថកិច្ច ដូចជា ធនាគារជាតិនៃកម្ពុជា ជាដើម ។
- តម្រូវដោយច្បាប់ជាធរមាន។
- ដើម្បីការពារផលប្រយោជន៍របស់ធនាគារ ពេលមានការប្តឹងផ្តល់តាមផ្លូវតុលាការ ឬក្នុងកិច្ចសហការផ្តល់សេវាធនាគារ ។
- ករណីផ្សេងៗទៀត ដែលមានការឯកភាពពី “លោកអ្នក” និងស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១៥. ការជូនដំណឹង (ការកែប្រែ)
ធនាគារនឹងជូនដំណឹងមុនរហូតដល់ ៣០ថ្ងៃទៅ “លោកអ្នក” ករណីមានការបញ្ឈប់ ការពន្យារពេល ឬការកែប្រែលើ លក្ខខណ្ឌនៃការប្រើប្រាស់នេះថ្លៃសេវា ឬបញ្ហាផ្សេងៗទៀត ដែលធើ្វឲ្យប៉ះពាល់ដល់សិទ្ធិ និងការទទួលខុសត្រូវរបស់ “លោកអ្នក” តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយ ដូចខាងក្រោម ៖
- ផើ្ញសារទៅកាន់ទូរស័ព្ទ “លោកអ្នក” ដោយផ្ទាល់ (ទូរស័ព្ទដែលបានភ្ជាប់សេវាទូទាត់តាមប្រព័ន្ធបាគង) ។
- ផ្សព្វផ្សាយនៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
- ផ្សព្វផ្សាយនៅក្នុងគេហទំព័រ (Website) របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
- ផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ធនាគារ។
“លោកអ្នក” យល់ព្រមថាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលកើតឡើងលើលោកអ្នក នៅពេលដែលសេវាកម្មមិនមានជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់សេវាកម្មណាមួយដែលស្ថិតនៅក្រោមកម្មវិធីបាគងបរាជ័យក្នុងដំណើរការជាធម្មតា ឬដំណើរការប្រកបដោយក្តីពេញចិត្តរបស់អតិថិជន ដោយមិនគិតពីវិធីដែលអាចត្រូវបានបង្កឡើង។
១៦. ការប្រឆាំងការសម្អាតប្រាក់ និងការដាក់ទណ្ឌកម្ម
លោកអ្នកយល់ព្រមថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក្រោមការសម្រេចចិត្តរបស់ខ្លួន អាចពន្យាពេល រាំងខ្ទប់ ឬ បដិសេធមិនដំណើរការប្រតិបត្តិការណាមួយដោយមិនមានការទទួលខុសត្រូវអ្វីទាំងអស់ ប្រសិនបើធនាគារសង្ស័យថា៖
- ប្រតិបត្តិការនោះល្មើសនឹងច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬ ប្រទេសដ៏ទៃ ឬ
- ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ក្នុងដំណើរការប្រព្រឹត្តបទល្មើស ឬ ក្នុងគោលបំណងដើម្បីប្រព្រឹត្តបទល្មើស។
លោកអ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅធនាគារតាមការទាមទារដ៏សមហេតុផលរបស់ធនាគារ ដើម្បីគ្រប់គ្រងហានិភ័យនៃការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម ឬដើម្បីអនុលោមតាមច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេសដ៏ទៃ។
លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ធនាគារអាចនឹងបើកបង្ហាញព័ត៌មានណាមួយដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងគណនីធនាគាររបស់លោកអ្នកដល់ធនាគារដ៏ទៃទៀតដែលសាច់ប្រាក់របស់លោកអ្នកត្រូវបានដាក់តម្កល់ តាមការទាមទារដោយច្បាប់ ទីភ្នាក់ងារគ្រប់គ្រងឬតុលាការ កាលណាតម្រូវដោយច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេសដ៏ទៃទៀត។
លោកអ្នកធានាអះអាងថា លោកអ្នកកំពុងធ្វើក្នុងនាមខ្លួនឯងផ្ទាល់ក្នុងការប្រើប្រាស់សេវាកម្មរបស់ធនាគារ ចុះកិច្ចព្រមព្រៀងនេះ និងការធ្វើប្រតិបត្តិការណាមួយតាមរយៈគណនីធនាគាររបស់លោកអ្នក ឬ កម្មវិធីធនាគារចល័តរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក លើកលែងតែ លោកអ្នកបានបង្ហាញឲ្យដឹងថា លោកអ្នកកំពុងធ្វើក្នុងនាមជាអ្នកទទួលភារៈគ្រប់គ្រង ឬ ជំនួសឲ្យបុគ្គលដ៏ទៃណាមួយ។
១៧. លក្ខខណ្ឌផ្សេងៗ
១៧.១ លក្ខខណ្ឌប្រតិបត្តិការគណនីបាគងនេះនឹងអនុវត្តលើគ្រប់ប្រតិបត្តិការគណនីដែលលោកអ្នកបានប្រើបា្រស់ជាមួយធនាគារ ។ ករណីមានការបកស្រាយ ឬរកឃើញថាលក្ខខណ្ឌណាមួយ ក្នុងអត្ថបទនេះមានវិការៈ នោះនឹងពុំមានផលប៉ះពាល់ដល់លក្ខខណ្ឌដទៃទៀត ឬការអនុវត្តលក្ខខណ្ឌនៃប្រតិបត្តិការគណនីនេះឡើយ។
១៧.២ លក្ខខណ្ឌប្រតិបត្តិការគណនីបាគងនេះ សរសេរជាពីរភាសា (ខ្មែរ និងអង់គ្លេស) ករណីអត្ថបទភាសាខ្មែរមានន័យមិនស្របគ្នានឹង ភាសាអង់គ្លេសនោះអត្ថបទ នោះភាសាខ្មែរត្រូវចាត់ទុកជាផ្លូវការក្នុងការបកស្រាយតាមផ្លូវច្បាប់។
១៧.៣ ខ្ញុំ/យើងខ្ញុំទទួលស្គាល់ថា ខ្ញុំបានអាន និងយល់ពីលក្ខខណ្ឌនានា ហើយខ្ញុំ/យើងខ្ញុំយល់ព្រមប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដែលមាន ចែងខាងលើដោយគ្មានការបង្ខិតបង្ខំណាមួយឡើយ ។
១៧.៤ លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និងបកស្រាយដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ បទបញ្ជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជាធរមានពីពេលមួយទៅពេលមួយ។
១៨. ការិយាល័យទំនាក់ទំនងសេវាកម្មអតិថិជន
រាល់វិវាទ ឬការទាមទារណាមួយកើតឡើងឬទាក់ទងនឹងលក្ខខណ្ឌ ឬការប្រើប្រាស់សេវាកម្មណាមួយស្ថិតនៅក្រោមកម្មវិធីបាគងតាមរយៈធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ព្រមទាំងវិវាទនៃទំនាក់ទំនងរបស់លោកអ្នកជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងត្រូវបានដោះស្រាយទៅតាមនីតិវិធីនិងសេចក្តីណែនាំ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលបានកំណត់ ក៏ដូចជាទៅតាមវិធាន និងនីតិវិធីបាគង។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 980 888 ។