ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា លី ហួរ

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា លី ហួរ ជាស្ថាបនិកនៃសម្ព័ន្ធ លី ហួរ គ្រុប កើតនៅឆ្នាំ១៩៥៤ មានទីកន្លែងកំណើតនៅខេត្តកំពង់ចាម។ លោកចាប់ផ្តើមសម្ព័ន្ធអាជីវកម្មរបស់លោកពីមាសចំនួន ២ (ពីរ) ជី កន្លះ នៅដើមទស្សវត្សន៍ទី៨០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ អ្នកឧកញ៉ា លី ហួរ គឺជាពាណិជ្ជករដ៏លេចធ្លោ និងគួរឲ្យទុកចិត្តបំផុតនៅប្រទេសកម្ពុជា។ នៅពីក្រោមចក្ខុវិស័យនៃភាពដឹកនាំរបស់ឧកញ៉ា លី ហួរ ក្រុមហ៊ុនលី ហួរ គ្រុប បានអភិវឌ្ឍន៍នូវមុខជំនួញហិរញ្ញវត្ថុជាច្រើនរួមមាន ក្រុមហ៊ុនប្តូរប្រាក់ ក្រុមហ៊ុនជួញដូរមាស ក្រុមហ៊ុនបញ្ចាំ ធនាគារពាណិជ្ជ ក្រុមហ៊ុនភតិសន្យា ក្រុមហ៊ុនផ្ញើលុយក្នុង និងក្រៅប្រទេស ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាដើម។ អាជីវកម្មផ្សេងទៀតរបស់លោកមានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ ក្រុមហ៊ុនដាំដុះចំការកៅស៊ូ និងចំការស្វាយចន្ទី។ ភាពជោគជ័យរបស់ក្រុមហ៊ុន ក៏ដូចជាការគាំទ្រ ទាំងឡាយពីដៃគូពាណិជ្ជកម្ម និងសាធារណៈជន បានមកពីភាពសុច្ចរិត ស្មោះត្រង់ តម្លាភាព​ និងការអនុវត្តដោយប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ជាចម្បងរបស់ក្រុមហ៊ុន លី ហួរ គ្រុប។ ក្រុមហ៊ុន លី ហួរ គ្រុប បាននឹងកំពុងចូលរួមចែករំលែកនៅក្នុងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនចម្រុះដ៏ធំរបស់ខ្លួន។ ជាក់ស្តែង អ្នកឧកញ៉ា លី ហួរ បានទទួលនូវពានរង្វាន់ មេដាយ និងការទទួលស្គាល់ជាច្រើនចំពោះការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

លោក ខែក រ៉ាវី

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលឯករាជ្យ

លោក ខែក រ៉ាវី ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។

បច្ចុប្បន្ននេះ លោកគឺជាមេធាវី និងជាស្ថាបនិកនៃការិយាល័យមេធាវី DBLS Law ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RGL Equity (Siemreap) Co. Ltd., ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុន Goodland Group (ជាក្រុមហ៊ុនចុះក្នុងបញ្ជីក្នុងផ្សារភាគហ៊ុនរបស់ប្រទេសសឹង្ហបុរី)។ លោកគឺជាអតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤។

លោក ខែក រ៉ាវី ត្រូវបានជ្រើសតាំងឲ្យក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ ក្នុងអំឡុងពេលនោះ លោកក៏បានបំពេញការងារជាសមាជិកគណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA។

នៅចន្លោះឆ្នាំ ១៩៨៥ ដល់ឆ្នាំ២០១៩ លោក ខែក រ៉ាវី បានកាន់តួនាទីសំខាន់ៗមួយចំនួនដូចជា ជាភាគទុនិក ជាប្រធានក្រុមប្រឹក្សាភិបាល អភិបាល និងអភិបាល មិនប្រតិបត្តិនៅតាមបណ្តា ក្រុមហ៊ុនជាច្រើននៅប្រទេសបារាំង ប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជាផងដែរ។

លោក កែណែម វីដាណូ

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលឯករាជ្យ

លោក កែណែម វីដាណូ កើតនៅប្រទេសកម្ពុជា ប៉ុន្តែបានចាកចេញទៅរស់នៅប្រទេសបារាំង ទីកន្លែងដែលលោកបានចំណាយពេលវេលាប្រហែលពីរទសវត្សន៍ ដើម្បីសិក្សានិងទទួលបាននូវ សញ្ញាប័ត្របីសំខាន់ៗគឺ ផ្នែកវិទ្យាសាស្រ្តនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុ និងធុរកិច្ច។

គាត់បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅកំឡុងពាក់កណ្តាល់ទសវត្សន៍ឆ្នាំ៩០ ដោយពាំនាំនូវ មហិច្ឆតាក្នុងការជួយកសាងប្រទេសកម្ពុជា ដោយបានចូលបម្រើការងារប៉ុន្មានឆ្នាំដំបូងជាមួយ ក្រុមហ៊ុនសវនកម្មអន្តរជាតិ ហើយក្រោយមកលោកបានចំណាយពេលវេលាប្រហែល ២០ (ម្ភៃ) ឆ្នាំដោយកាន់តួនាទីនាយកប្រតិបត្តិផ្សេងៗដូចជា រដ្ឋលេខាធិការ អគ្គនាយកនៃនាយកដ្ឋាន ហិរញ្ញវត្ថុ អគ្គនាយកសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម នៅក្នុងគម្រោងអភិវឌ្ឍន៍ដែលឧបត្ថម្ភដោយ សហភាពអឺរ៉ុប ដើម្បីជួយដល់អាជីវកម្មបែបសង្គមកិច្ចដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជា ប្រមាណជិត ១២០០ នាក់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតដែលស្ថិតនៅក្នុងវិស័យនោះ។

ឧកញ៉ា លី សុភាព

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលប្រតិបត្តិ

មុនពេលត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិនៃធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ឧកញ៉ា លី សុភាព កាន់តំណែងសំខាន់ៗមួយចំនួនក្នុងការជម្រុញកំណើនអាជីវកម្មធនាគារ លោកគ្រប់គ្រងអគ្គនាយកដ្ឋានប្រតិបត្តិការ ដោយគ្រប់គ្រងលើប្រតិបត្តិការប្រចាំថ្ងៃជូនទៅដល់អ្នកប្រើប្រាស់ចុងក្រោយ គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ សកម្មភាពនៃការលក់ និងសេវាកម្មផ្សេងៗរបស់សាខាទូទាំង២៥ខេត្ត/ក្រុង រៀបចំផែនការទំនាក់ទំនងក្នុងការចែកចាយក្នុងការលក់បន្ត និងអ្នកផ្គត់ផ្គង់ ធានាបាននូវភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលមានកំណើនកាន់តែខ្លាំងឡើង។ បន្ទាប់មកលោកបានផ្លាស់ទៅគ្រប់គ្រងអគ្គនាយកដ្ឋានធនាគារពាណិជ្ជ ក្នុងការរៀបចំយុទ្ធសាស្រ្តប្រតិបត្តិការអាជីវកម្មធនាគារ ដឹកនាំ និងផ្តួចផ្តើមគំនិតក្នុងការប្រមូលប្រាក់បញ្ញើសន្សំពីសាធារណជនបានចំនួន ៥០០ លានដុល្លារ ត្រឹមតែក្នុងរយៈពេល១៨ខែ ចាប់ពីខែមេសាឆ្នាំ២០២០ ដែលជាការចាប់ផ្តើមនៃវិបត្តិជំងឺកូវីដ១៩។ លោកក៏ជាអ្នកដឹកនាំក្នុងនាយកដ្ឋានសំខាន់ៗផ្សេងទៀតដូចជា ផ្នែកពាណិជ្ជកម្ម        ភតិសន្សា ទីផ្សារនិងទំនាក់ទំនង ឌីជីថល និងធនាគារព្រីមៀរ៍។

លោកមានបទពិសោធន៍ក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលសំខាន់ៗជាច្រើនដូចជា ប្រធានក្រុមប្រឹក្សា      ភិបាល ក្រុមហ៊ុន លី ហួរ ផេប្រូ នាយកប្រតិបត្តិ ក្រុមហ៊ុនរតនៈអលង្ការ ខូអិលធីឌី និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនលី ហួរ ប្តូរប្រាក់ផងដែរ។

លើសពីនេះទៅទៀត លោកមានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការក្នុងដឹកនាំកិច្ចពិភាក្សាធំៗទាំងក្នុង និងក្រៅប្រទេស ហើយលោកមានក៏មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុថែមទៀតផង។

ឧកញ៉ា លី សុភាព ទទួលបានសញ្ញាប័ត្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះលោកទទួលបានបរិញ្ញាប័ត្រកិត្តិយសផ្នែកពហុរចនាប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យ Huddersfield ក្នុងទីក្រុង Manchester នៃចក្រភពអង់គ្លេស ឆ្នាំ២០០៤។

លោក Shuzo Shikata

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលប្រតិបត្តិ

លោក Shuzo Shikata ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអភិបាលប្រតិបត្តិរបស់ធនាគារ អេស ប៊ី អាយ លី ហួរ។ លោកក៏ជាអ្នកតំណាង ភាគទុនិករបស់ក្រុមហ៊ុន SBI Holdings Inc. ដែលមានអាសយដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សព្វថ្ងៃនេះ លោកកំពុងបម្រើការងារជាអនុប្រធានក្រុមប្រឹក្សា​ភិបាលនៃធនាគារ Tien Phong Commercial Bank នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក Shikata ធ្លាប់ធ្វើការនៅធនាគារដ៏ធំមួយឈ្មោះធនាគារ MUFG នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុនពេលលោកចូលបម្រើការងារនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ក្នុងនាមជាអ្នកឯកទេសក្នុងវិស័យសាជីវកម្ម និងធនាគារ    វិនិយោគ គាត់បានចូលរួមកាន់តួនាទីសំខាន់ៗជាច្រើននៅក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ និងការគ្រប់គ្រងឲ្យមានតម្លាភាពនៅក្នុងធនាគារ អេស ប៊ី អាយ លី ហួរ។

ដោយមានបទពិសោធន៍យ៉ាងច្រើននៅក្នុងការដឹកនាំគ្រប់គ្រងធនាគារនៅបរទេស ខ្លួនលោកផ្ទាល់ ព្រមទាំងក្រុមហ៊ុន SBI Holdings Inc. បាននឹងកំពុងជួយជ្រោមជ្រែងធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការរៀបចំ និងអនុវត្តនូវយុទ្ធសាស្រ្តសាជីវកម្មរបស់ធនាគារ។

លោក Shikata បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Ritsumeikan នៃប្រទេសទេសជប៉ុន។

លោក Makoto Miyazaki

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលមិនប្រតិបត្តិ

លោក Makoto Miyazaki មានបទពិសោធន៍ជាងម្ភៃឆ្នាំក្នុងការដឹកនាំគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន SBI Holdings Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំនេះ ហើយសព្វថ្ងៃនេះ លោកជានាយកប្រតបត្តិមួយរូបនៃក្រុមហ៊ុន SBI Holdings Inc. ដោយលោកមានតួនាទីដឹកនាំនាយកដ្ឋានគ្រប់គ្រង ពាណិជ្ជកម្មក្រៅប្រទេស។ លោកក៏កាន់តួនាទីធំៗមួយចំនួនទៀតដែរដូចជា អភិបាល អភិបាលមិនប្រតិបត្តិ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន (President) នៃក្រុមហ៊ុនធំៗផ្សេងៗទៀតដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SBI Holdings Inc.។ លោក Miyazaki មានតួនាទីជាអភិបាល នៅតាមបណ្តាក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនវិនិយោគផលប័ត្រជាច្រើនទៀត។ លោក Miyazaki បានចាប់ផ្តើមអាជីពការងារដំបូងរបស់គាត់ជាមួយក្រុមហ៊ុន SBI Holdings Inc. ជានាយកប្រតិបត្តិប្រចាំការិយាល័យតំណាងទីក្រុង     ប៉េកាំង កាលពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១២។ បន្ទាប់មកលោកក៏ ត្រូវបានតែងតាំងជានាយកប្រតបត្តិ ដឹកនាំនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ នាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសគឺជានាយកដ្ឋានដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍន៍របស់បណ្តាក្រុមហ៊ុនសម្ព័ន្ធទាំងឡាយដែលមានអាជីវកម្មចម្រុះ មានតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនបណ្តាក់ទុនសាជីវកម្ម (corporate venture capital) និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាដើម ដែលមានទីតាំងនៅក្រៅប្រទេសជប៉ុន រួមមាន ប្រទេសអាល្លឺម៉ង ហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋប្រជាមាណិត្យចិន សង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋ      អាមេរិក និងប្រទេសវៀតណាម។

លោក Miyazaki គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Western Oregon University នៃសហរដ្ឋអាមេរិក (ពីមុនត្រូវបានគេស្គាល់ជា Western Oregon State College) ជាកន្លែងដែលលោកបានទទួលបរិញ្ញាប័ត្រផ្នែកធុរៈកិច្ចរបស់លោក។

លោក Eiichiro So

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលមិនប្រតិបត្តិ

លោក Eiichiro So បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលកាលពីខែធ្នូ ឆ្នាំ២០១៩។ លោកបានធ្វើការជាមួយក្រុមហ៊ុន SBI Group អស់រយៈពេលជាង ១៥ឆ្នាំ មកហើយ ហើយសព្វថ្ងៃនេះលោកជា សហនាយកប្រតិបត្តិ ជានាយកប្រតិបត្តិជាន់ខ្ពស់ និងអនុប្រធាននៃក្រុមហ៊ុន SBI Investment Korea Co., Ltd., ដែលជាក្រុមហ៊ុនបណ្តាក់ដើមទុនសាជីវកម្ម (listed venture capital firm) ដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីផ្សារភាគហ៊ុនកូរ៉េឈ្មោះ KOSDAQ (Korean Securities Dealers Automated Quotations) ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន SBI Royal Security Plc. ជាអភិបាលធនាគារ Tien Phong Commercial Joint Stock Bank  (នៅប្រទេសវៀតណាម) និងជាអភិបាលនៃក្រុមហ៊ុន SBI Thai Online Securities Col, Ltd (នៅប្រទេសថៃ)។ ជាមួយបទពិសោធន៍ជាង ២០ (ម្ភៃ) ឆ្នាំរបស់លោកនៅក្នុងវិស័យធនាគារវិនិយោគ និងមូលធនឯកជន (private equity) ជាពិសេសបទពិសោធន៍នៅក្នុងទីផ្សារដែលកំពុងមានការរីកចម្រើនខ្លាំង (រួមមាន កូរ៉េខាងត្បួង សឹង្ហបុរី វៀតណាម និងកម្ពុជា) ដោយផ្តោតទៅលើវិស័យហិរញ្ញវត្ថុ (មានដូចជា ធនាគារ​ មូលបត្រ និងមូលធនឯកជន) លោកបានចូលរួមចែកចំណែគយ៉ាងច្រើនទៅក្នុងការអភិវឌ្ឍន៍អាជីវកម្ម និង​បច្ចេកទេសគ្រប់គ្រងរបស់ធនាគារ។

ពីមុនមក លោកធ្លាប់ជាអនុប្រធាននៃធនាគារ Sumitomo Mitsui Banking Corporation          ជាអភិបាលនៃធនាគារភ្នំពេញពាណិជ្ជ ជាអភិបាលប្រតិបត្តិនៃ ក្រុមហ៊ុន SBI Ven Capital Pte. Ltd (ប្រទេសសឹង្ហបុរី) និងជាអភិបាលនៃ ក្រុមហ៊ុន FPT Securities (ប្រទេសវៀតណាម)។

លោក So បានបញ្ចប់ការសិក្សាកម្រិតថ្នាក់អនុបណ្ឌិតមកពីសាកលវិទ្យាល័យ Hitotsubashi ថ្នាក់ក្រោយឧត្តមសិក្សានៃនាយកដ្ឋានយុទ្ធសាស្រ្តសាជីវកម្មអន្តរជាតិ (ប្រទេសជប៉ុន) និងបរិញ្ញាប័ត្រផ្នែកគណនេយ្យ មហាវិទ្យាល័យពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Chuo (ប្រទេសជប៉ុន)។

លោក ហូរ វរៈបុត្ត

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលឯករាជ្យ

សព្វថ្ងៃនេះ លោក ហូរ វរៈបុត្ត គឺជាសាស្រ្តាចារ្យនៅសាលារៀន CamEd Business School និងជា​សមាជិកក្រុមប្រឹក្សាភិបាល/រតនាភិបាលរបស់សមាគម Eurocham Cambodia។ លោកមានបទពិសោធន៍ការងារជាង ២៥ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ លោកជាអតីតអភិបាលនៃក្រុមហ៊ុន The Blue Circle និងធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៅសមាគមធនាគារនៅកម្ពុជា (ហៅកាត់ថា IBF) លោកក៏ធ្លាប់បម្រើការងារនៅស្ថាប័នហិរញ្ញវត្ថុធំៗនៅអឺរ៉ុបមានដូចជា Credit Suisse (ចំនួន ១២ឆ្នាំ) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Aberdeen Asset Management ក្រុមហ៊ុនធានារ៉ាប់រង AXA និងក្រុមហ៊ុន Banque Hottinguer។

លោកមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតមកពីសាលាពាណិជ្ជកម្មឈ្មោះ Chicago Booth school of Business (ឆ្នាំ២០១២)។ លោក ហូរ វរៈបុត្ត គឺជាអ្នកវិភាគហិរញ្ញវត្ថុដែលទទួលស្គាល់ដោយសហភាពអឺរ៉ុប ពីសាលាឈ្មោះ The European Federation of Financial Analyst Societies – EFFAS ហើយថ្មីៗនេះ លោកបានទទួលវិញ្ញាបនបត្រវគ្គសិក្សាអភិបាលសាជីវកម្ម (ឆ្នាំ២០២០) ពីសាកលវិទ្យាល័យ Harvard Business School ផងដែរ។